កម្ពុជា និង ម៉ាល់ឌីវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កាន់តែស៊ីជម្រៅ

កម្ពុជា និង ម៉ាល់ឌីវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កាន់តែស៊ីជម្រៅ


(ប្រទេសម៉ាល់ឌីវ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានប្រាប់ឲ្យដឹងថា អំឡុងពេលទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលប្រកបដោយលទ្ធផលផ្លែផ្ការយ៉ាងច្រើនជាប្រវត្តិសាស្ត្រ ក្នុងនោះ អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និង ម៉ាល់ឌីវ ក៏ត្រូវបានចុះហត្ថលេខា ផងដែរ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងទីក្រុងម៉ាល ប្រទេសម៉ាល់ឌីវ ចំពោះមុខសម្តេចតេជោនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និង ឯកឧត្ដមប្រធានាធិបតីនៃប្រទេសម៉ាលឌីវ ផងដែរ។ អនុស្សរណៈនេះផ្ដោតលើកិច្ចសហប្រតិបត្តិការដូចតទៅ៖ 
ក. ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា ជាដើម
ខ. ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជំនាញ និងផ្នែកឯកជន 
គ. ផលិតឯកសារផ្សព្វផ្សាយទាក់ទាញទេសចរណ៍រួមគ្នា
ឃ. គាំទ្រ និងចូលរួមសិក្ខាសាលា កិច្ចប្រជុំ សន្និបាត និង កិច្ចការពាណិជ្ជកម្ម/ពិព័រណទេសចរណ៍
ង. ការលើកទឹកចិត្តឲ្យមានសកម្មភាពសេដ្ឋកិច្ច វិនិយោគ ការតភ្ជាប់ការហោះហើរ 
ជ.  និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា លទ្ធផលនៃទស្សនកិច្ចផ្លូវការក្នុងវិស័យផ្សេងៗទៀត នឹងចូលរួមជំរុញការអនុវត្តអនុស្សរណៈខាងលើ ឲ្យកាន់តែល្អប្រសើរ ជាពិសេស ការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ដែលកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា  ចំនួន ៣០ ថ្ងៃ នឹងចូលរួមសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរកាន់តែប្រសើរនៅថ្ងៃអនាគត។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា គំនិតផ្ដួចផ្ដើមប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឲ្យសិក្សាលទ្ថភាពបង្កើតឲ្យមានក្របខណ្ឌ «ទិដ្ឋាការទោល គោលដៅពីរ»រវាងកម្ពុជា និង ម៉ាល់ឌីវ ពិតជាការឡានុវត្តភាពធំធេងសម្រាប់ជំរុញទេសចរពីប្រទេសទី៣ ដែលមកសម្រាកកម្សាន្តនៅសមុទ្រម៉ាល់ឌីវ អាចមកទស្សនាប្រាសាទអង្គវត្ត និងតំបន់ទេសចរណ៍បិតិកភណ្ឌ ឬគោលដៅទេសចរណ៍ដទៃទៀតនៅកម្ពុជា។

ដោយឡែក សម្តេចតេជោ ក៏បានអញ្ជើញលោកប្រធានាធិបតី មកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជាឲ្យបានមុនថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីចូលថ្វាយបង្គំគាល់ព្រះមហាក្សត្យរួចនឹងបន្តពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ពោធផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ នៅខេត្តព្រះសីនុ និងពិសេសផ្តល់កិត្តិយសចូលរួមពិធីបើកស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (32nd SEA Games and 12th ASEAN Para Games) នៅទីក្រងភ្នំពេញ ក្រោមប្រធានបទ "កីឡារស់ក្នុងសន្តិភាព - Sport Lives In Peace" ដែលកម្ពុជាបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ។

ការទន្ទឹមនឹងនេះផងដែរ ការសំរេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី អោយសិក្សាជ្រើសរើសវិថីណាមួយនៅតំបន់ឆ្នេរកម្ពុជា ជាផ្លូវមិត្តភាពកម្ពុជា−ម៉ាល់ឌីវ ក៏នឹងក្លាយជាភាពទាក់ទាញសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរឲ្យធ្វើដំណើរទស្សនាទៅវិញទៅមក ហើយដែលនឹងចូលរួមជំរុញមិត្តភាពនៃប្រទេសទាំងឲ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ម៉ាល់ឌីវ ដែលបានផ្ដល់អាហារូបករណ៍ផ្នែកបដិសណ្ឋារកិច្ចដល់សិស្សនិស្សិតកម្ពុជាចំនួន ២០ កន្លែង ផងដែរ។

ពាក់ព័ន្ធនឹងការហោះហើរត្រង់ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ មុនចុះអនុស្សរណៈ ១ ថ្ងៃ ក្រុមការងារជំនាញនៃក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានជួបជំនាញខាងក្រសួងទេសចរណ៍ម៉ាល់ឌីវ និងបានពិភាក្សាដាក់ចុះផែនការអនុវត្តអនុស្សរណៈ មានដូចជា៖ (១) ការជំរុញឲ្យមានជើងហោះហើរត្រង់ កម្ពុជា−ម៉ាល់ឌីវ ដោយអាចចាប់ផ្ដើមដោយការហោះហើរត្រង់ ឬ ត្រីកោណ ឬ ជាការហោះហើរមិនប្រចាំថ្ងៃ (Charter Flight), (២) ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍, (៣) ការរៀបចំឲ្យមានទស្សនកិច្ចស្វែងយល់ពីគ្នាដោយបណ្ដាញសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ (Familiarization Trip), (៤) ការរៀបចំឲ្យមានកញ្ចប់ទស្សនកិច្ចរួម ជាដើម។ 
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមការងារបានឯកភាពគ្នារួចហើយ ដើម្បីរៀបចំក្រុមការងារទេសចរណ៍នៃប្រទេសទាំងពីរ និងរៀបចំផែនការសកម្មភាពអនុវត្តស្មារតីអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ក៏ដូចជាការ អនវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងស្មារតីលទ្ធផលនៃទស្សនកិច្ចផ្លូវការនាពេលនេះផងដែរ។
សូមរំលឹកជូនថា មុនវិបត្តិកូវីដ−១៩ នៅឆ្នាំ២០១៩ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦.៦ លាននាក់ កើនឡើង ៦.៦% ធៀបនឹងឆ្នាំ២០១៨ ហើយឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ២.២លាននាក់ កើន ១០២០% ធៀបនឹងឆ្នាំ២០២១។ រីឯ ប្រទេសម៉ាល់ឌីវ ឆ្នាំ២០១៩ ទទួលបានទេសចរអន្តរជាតិចំនួន ១.៧ លាននាក់ ហើយនៅឆ្នាំ២០២២ ទទួលបានទេសចរអន្តរជាតិ ១.៦ លាននាក់៕