សប្ដាហ៍ដើមខែមករា កម្ពុជាទទួលបានភ្ញៀវសរុបជិត៤៦ម៉ឺននាក់
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២-៨ ខែមករា ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន៤៥៩,៤០៩នាក់ ក្នុងនោះភ្ញៀវជាតិ៤១៥,៧៩៣នាក់ និងភ្ញៀវបរទេស៤៣,៦១៦នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ២២៥,៦៥៩នាក់
* ខេត្តសៀមរាប ៤៧,០៧០នាក់
* រាជធានីភ្នំពេញ ៤១,៦៤៦នាក់
* ខេត្តកំពត ៣០,៤០៨នាក់
* ខេត្តកំពង់ចាម ១៦,២១៣នាក់
* ខេត្តបាត់ដំបង ១៦,១៥៣នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង៤៥ម៉ឺននាក់ សម្រាប់សប្តាហ៍ដំបូងនៃឆ្នាំ២០២៣នេះ អាចចាត់ទុកថាជាការចាប់ផ្តើមដ៏ល្អនៃចរន្តភ្ញៀវទេសចរផ្ទៃក្នុងសម្រាប់ឆ្នាំថ្មីនេះ ខណៈដែលអំឡុងពេលឆ្លងឆ្នាំសាកលកន្លងមកមានភ្ញៀវប្រមាណ២.០២លាននាក់ បានដើរកម្សាន្តទូទាំងប្រទេស។
លោកបានបន្តទៀថា ការប្រារព្ធខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា នៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក និងភូមិ ឃុំនានា នាចុងសប្តាហ៍កន្លងមក ក៏បានរួមចំណែករុញដោលចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍នេះផងដែរ។
បើតាមលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ វិស័យឯកជនបន្តមានសុទិដ្ឋិនិយមសម្រាប់ចរន្តភ្ញៀវទេសចរនាឱកាសពិធីបុណ្យចូលឆ្នាំជនជាតិចិន-វៀតណាម នាកំឡុងថ្ងៃទី២២-២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕